រម្មណីយដ្ឋានធម្មជាតិទឹកធ្លាក់វាលពួច
ទឹកធ្លាក់វាលពួចជារម្មណីយដ្ឋានធម្មជាតិមួយកន្លែងដែលស្ថិតនៅភូមិទ្វីខាងជើង ឃុំអណ្តូងខ្មែរ ស្រុកទឹកឈូ ខេត្តកំពតជាយូរយារណាស់មកហើយ ប៉ុន្តែហាក់បីដូចជាលាក់ខ្លួនកំបាំងពីភ្នែកភ្ញៀវទេសចរ ហើយនៅទីនោះកំពុងរងចាំភ្ញៀវទេសចរអស់រយះពេលជាច្រើនឆ្នាំមកហើយ។ បើបងប្អូនមានបំណងចង់ទៅទស្សនានៅរមណីយដ្ឋានធម្មជាតិមួយនេះ យើងត្រូវជិះតាមផ្លូវជាតិលេខ៣ទៅខេត្តព្រះសីហនុ ផ្លូវចូលមានចម្ងាយប្រមាណជាង១គីឡូម៉ែត្រពីរង្វង់មូលទឹករលកក្នុងក្រុងកំពតខាងស្តាំដៃតាមច្រកវត្ដព្រះពុទ្ធជ័យមង្គលារាមហៅវត្តវាលពួច។ យើងចូលតាមក្លោងទ្វារទៅត្រង់ប្រមាណជា១គីឡូម៉ែត្រទៀតយើងនឹង ទៅដល់វត្តវាលពួច បន្ទាប់មកធ្វើដំណើរបន្តឆ្ពោះទៅកាន់ភ្នំប្រមាណ៥០០ម៉ែត្រទៀត បងប្អូននឹងឃើញផ្ទះប្រជាពលរដ្ឋមួយខ្នងឈរ នៅកណ្ដាលផ្លូវឡើងទៅទីកន្លែងទឹកធ្លាក់ដ៏កណ្ដោចកណ្ដែង និងមានជាអាហារដ្ឋានលក់ម្ហូបតាមការកុម្ម៉ង់តាមបែបជនបទ។
យើងបន្តដំណើរដោយថ្មើរជើងចេញពីទីនោះដើរកាត់ព្រៃប្រមាណជា៣០នាទីអ្នកទេសចរនឹងប្រទះឃេីញទឹកធ្លាក់ដែលស្ថិតនៅខាងស្តាំដៃរំលេចទៅដោយទឹកពណ៍ខៀវគួរជាទីគាប់ភ្នែក។ បន្តដំណើរទៅមុខទៀតទៅកាន់ធ្លាក់នៅខាងលើជាបន្តបន្ទាប់ទៀត យើងត្រូវដើរកាត់តាមអូរ ឆ្លងកាត់ខ្សែទឹកហូរ លោតផ្លោះពីដុំថ្មរមួយទៅដុំថ្មមួយទៀតដោយប្រុងប្រយ័ត្ន។ បន្តទៅមុខតាមជ្រលងអូរ និងថ្មប្រម៉ាណជា២០នាទីទៀតយើងនឹងឃើញទឹកធ្លាក់មានកំពស់ប្រហែល២០ម៉ែត្របង្កប់ខ្លួនក្នុងព្រៃធម្មជាតិ ប្រកបដោយទេសភាពយ៉ាងស្រស់ត្រកាលនៅពីមុខទឹកធ្លាក់មានជញ្ជាំងថ្មដ៏ធំមួយមានដើមជ្រៃដុះពីលើចាក់រឹសស្ទើរជុំជិត។
ថ្វីត្បិតតែការដើរហត់បន្តិច ប៉ុន្តែពេលបានមកដល់ហើយបានឃើញសម្រស់ទឹកធ្លាក់នៅកន្លែងនេះ រួមជាមួយតំណក់ទឹកមកប៉ះនឹងខ្លួនយើងបានអង្រួនអារម្មណ៍អ្នកគ្រប់គ្នាឲ្យចុះងូតទឹកលេងកម្សាន្ត យ៉ាងសប្បាយរីករាយជាមួយទឹកដ៏ត្រជាក់ ដែលមានប្រភពចេញពីកំពូលភ្នំបូកគោនឹងធ្វើអោយយើងបាត់ហត់មួយរំពេច។ ដំណើរកំសាន្តបែបផ្សងព្រេងទៅកាន់ទឹកវាលពួចបានធ្វើអោយយើងមានភាពសប្បាយរីករាយដូចជាងូតទឹកលេង ឬទស្សនាទេសភាពធម្មជាតិ ថែមទាំងបង្កើតបានជាកម្រងអនុស្សវរីយ៍ដែលមិនអាចបំភ្លេចបាន។ដកស្រង់ពីទំព័រ http://visitkampot.info




0 Comments